ថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល និងមន្ទីរចំណុះសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអង្គការដៃគូសុខាភិបាល ដូចជា WHO, UNOPS, PMI/USAID, CRS, CHAI,MC, CMEP2, KOFIH បានចុះជួបសំណេះសំណាល និងចែកកញ្ចប់មុងចូលព្រៃ ជូនដល់ក្រុមការងារប្រចាំការនៅតាមគោលដៅប៉ុស្តិ៍ច្រកចេញចូលព្រៃ ឧទ្យានុរក្សព្រៃឈើ អ្នកស្មគ្រ័ចិត្តភូមិ កម្មករចំការ-អ្នកចូលព្រៃ និងប្រជាជនចល័តសរុបចំនួនជាង ៣១៧នាក់ ដែលកំពុង ធ្វើការនិងស្នាក់នៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដែលជាតំបន់ប្រឈមនឹងការចម្លងជំងឺគ្រុនចាញ់ខ្ពស់។

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យកម្មករចំការ-អ្នកចូលព្រៃ និងប្រជាជនចល័តទាំងអស់ ស្វែងរកការធ្វើតេស្តជំងឺគ្រុនចាញ់ភ្លាមៗ ជាមួយអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ ឬមណ្ឌលសុខភាពក្រោយត្រឡប់ពីព្រៃ។ ប្រសិនបើរកឃើញថា មានមេរោគគ្រុនចាញ់ ត្រូវព្យាបាលភ្លាម។ ទន្ទឹមនោះដែរ ត្រូវបង្ការខ្លួនកុំឲ្យកើតជំងឺដោយការប្រើប្រាស់មុងអង្រឹងជ្រលក់ថ្នាំពេលចូលទៅសម្រាកក្នុងព្រៃ ឬថ្នាំលាបស្បែក និងលេបថ្នាំបង្ការមុនពេលចូលព្រៃ។ ឯកឧត្តមបានសំណូមពរ អោយបុគ្គលិក មន្រ្តីផ្តល់សេវាសុខាភិបាល គ្រប់កំរិតត្រូវចុះជួបប្រជាជនចំណុចផ្ទាល់ និងផ្តល់ការអប់រំសុខភាព ដើម្បីឲ្យមានការផ្លាស់ប្តូរឥរិយាបទក្នុងការបង្ការ និងព្យាបាល ជំងឺគ្រុនចាញ់ ។
.jpg)
ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់នូវអនុសាសន៍សំខាន់ៗបន្ថែមដល់មជ្ឈមណ្ឌល កំចាត់ជំងឺគ្រុនចាញ់ និងដៃគូពាក់ពន្ធ័ទាំងអស់ ដូចតទៅ៖
⁃ កំណត់ឲ្យបាននូវចំនួនប្រជាជនប្រឈម (ប្រជាពលចល័ត និងអ្នកមានរបរទាក់ទងទៅនឹងព្រៃ) ក្នុងតំបន់គ្រប់គ្រង ដើម្បី
ធ្វើបទអន្តរាគមន៍បានគ្រប់គ្នាៗ និងមានប្រសិទ្ធភាពខ្ពស់
⁃ ភូមិដែលមានករណីចម្លងជំងឺគ្រុនចាញ់ច្រើន សូមធ្វើតេស្តឈាមលើប្រជាជនទូទៅក្នុងភូមិ និងធ្វើការព្យាបាលសមូហភាព
លើប្រជាជនគោលដៅ និងពិនិត្យអោយបានច្បាស់ មុននឹងអនុវត្តន៍លើស្រ្តីមានផ្ទៃពោះនិងកុមារ។
⁃ ជំរុញដល់មន្ដ្រីទាំងអស់ ត្រូវរួមសហការគ្នា ជាពិសេសមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរដែនដី និងអង្គការដៃគូសុខាភិបាល
ក្នុងខេត្តនីមួយៗចាំបាច់ត្រូវអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈាន
លុបបំបាត់គ្រុនចាញ់ ឱ្យខានតែបាននៅឆ្នាំ២០២៥
⁃ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ មន្ទីរសុខាភិបាលខេត្ត និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ពិនិត្យមើលរួមគ្នា
លើវឌ្ឍនភាពការងារ កត្តាប្រឈមហានិភ័យ និងកាលានុវឌ្ឍភាព ដើម្បីពិភាក្សារួមគ្នារកដំណោះស្រាយ លើទំហំសកម្មភាព
អនុវត្តឆ្លើយតបនាពេលបច្ចុប្បន្ន និងពង្រីកការអនុវត្តឲ្យសមស្របនូវភូមិសាស្រ្តកំពុងប្រឈម ឲ្យបានជោគជ័យ ទៅតាម
សូចនាករកំណត់ក្នុងយុទ្ធសាស្រ្ត សម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់។

បន្ទាប់ពីសំណេះសំណាលជាមួយកម្មករចំការ-អ្នកចូលព្រៃនិងប្រជាជនចល័តរួចមកឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានអញ្ជើញបន្ត
ដំណើរទៅពិនិត្យនិងជួបដោយផ្ទាល់ជាមួយក្រុមការងារនៅច្រករំល ដែលជាប៉ុស្តិ៍ច្រកចេញចូលព្រៃ ដែលមានមន្រ្តីសុខាភិបាល ឧទ្យា
នុរក្សព្រៃឈើ និងអ្នកស្មគ្រ័ចិត្តភូមិបំរើការនៅទីនោះ។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពិនិត្យសកម្មភាពជាក់ស្តែង
របស់អ្នកស្ម័គ្រចិត្តដែលកំពុងជោះឈាមអ្នកចេញមកពីព្រៃនិងធ្វើការណែនាំអំពីវិធីការពារការឆ្លងមេរោគគ្រុនចាញ់និងការព្យាបាលដល់
អ្នកស្ម័គ្រចិត្តគ្រុនចាញ់ប្រសិនបើរកឃើញថាពួកគាត់មានជំងឺគ្រុនចាញ់។
ក្នុងនាមអាជ្ញាធរខេត្ដ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្ដេជ្ញាខិតខំប្រឹងប្រែង សហការជាមួយកម្មវិធីជាតិ ជាពិសេសជាមួយក្រសួងសុខាភិបាល នៅតាមបណ្ដាស្រុក ចូលរួមគ្រប់សកម្មភាព ដូចជាការផ្សព្វផ្សាយការបង្ការជំងឺ កំណត់ប្រជាជនគោលដៅប្រឈម និងប្រជាជនចល័ត ដើម្បីទទួលបានលទ្ធផលខ្ពស់ ឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅខេត្ដពោធិ៍សាត់ ឲ្យបានសម្រេចតាមគោលដៅកំណត់។
|