ព្រឹកថ្ងៃអង្គារ ៦ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នៅសណ្ឋាគាអង្គរ ប៉ារ៉ាឌី ខេត្តសៀមរាប ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ប្រារព្ធនូវសន្និបាត បូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ពិសេសជំហានចុងក្រោយឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទផ្លាស់ស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ថ្ងៃអង្គារ-ព្រហស្បតិ៍ ៦រោច-៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២២-២៤ ខែកុម្ភៈ ឆ្នាំ២០២២ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត។
  
អង្គសន្និបាតនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងរាជធានី-ខេត្ត ទាំង២៥ ទទួលបន្ទុកប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺ គ្រុនចាញ់ថ្នាក់ខេត្តថ្នាក់ដឹកនាំក្រសួងសុខាភិបាល, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ,ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺ គ្រុនចាញ់, និង ព្រមទាំងអង្គការដៃគូរនានាមានដូចជា PMI/USAID, WHO, UNOPS, CMEP, CHAI, CRS, MC, HSD, BITE, IPC, MORU, AFRIMS, GHSC-PSM សរុបចំនួនជាង៦០រូបផងដែរ លើសពីនេះអង្គសន្និបាត ក៏មានការអញ្ជើញចូលរួមតាមរយៈតំណភ្ជាប់ប្រព័ន្ធនិម្មិត (Virtual Conference)ប្រមាណ 240 នាក់ទៀត។
សន្និបាតនេះរំពឹងថានឹងទទួលបានលទ្ធផល ដូចខាងក្រោម៖
១. ទទួលបានការចែករំលែក និងកំណត់បាននូវទិសដៅអទិភាពនៃសកម្មភាពការងាររបស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់
២. បានពិនិត្យលើវឌ្ឍនភាព នៃកម្មវិធីជាតិទាំងបី
៣. បានចែករំលែកលទ្ធផលគម្រោង និងទិសដៅនៃជំហានចុងក្រោយឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ ផ្លាស់ស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម
៤. បានចែករំលែកលទ្ធផលស្តីពីការព្យាបាលផ្តាច់ជំងឺគ្រុនចាញ់ប្រភេទ ផ្លាស់ស្មូដ្យូម វីវ៉ាក់
៥.បានផ្សព្វផ្សាយតម្រង់ទិសអំពីបច្ចុប្បន្នភាពលើនិតិវិធីប្រតិបត្តិស្តង់ដារនិងមគ្គុទេសក៍របស់កម្មវិធីគ្រុនចាញ់និងសេចក្តីណែនាំអំពីការ ត្រៀមលក្ខណៈសម្រាប់ស្នើសុំវិញ្ញា បនប័ត្រ លុបបំបាត់ជំងឺគ្រុនចាញ់
៦. បានចែករំលែកសមិទ្ធផល និងបទពិសោធន៍របស់ដៃគូជាតិ និងអន្តរជាតិ វិនិយោគផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ។
៧. ចែករំលែកលទ្ធផលនៃការសិក្សាស្រាវជ្រាវទាក់ទងនឹងជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន។
  
|